១. បទហោមរោងជាបទប្រើប្រាស់ដំបូងបំផុតនៃអាពាហ៍ពិពាហ៍ខ្មែរត្រង់ពិធីចូលរោង។ បទ នេះប្រគំឡើងសម្រាប់បួងសួង អញ្ជើញស្តេចក្រុងពាលី មេមត់ចាស់ស្រុកភូមិករព្រះធរណី ទេវតា ជីដូនជីតា មេបាចាស់ទុំទាំងអស់ សូមឱ្យជួយផ្តល់សេចក្តីសុខចម្រើនដល់ពិធីរៀបមង្គលការនេះ។ បទ នេះចង់អប់រំថា មនុស្សគ្រប់រូបក្នុងសង្គមតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម សុទ្ធតែត្រូវមានទំនាក់ទំនងគ្នា ទាំងទស្សនៈ ទាំងការប្រព្រឹត្តទៅទាំងចិត្តនិយមទាំងសម្ភារៈនិយម ទាំងនៅទីភ្លឺ ទាំងនៅទីងងឹត ត្រូវ មានសមភាពដោយឈរលើច្បាប់សីលធម៌ ច្បាប់គុណធម៌ ដែលជាមាគ៌ានាំសង្គមទៅកាន់សេចក្តីសុខ ចម្រើនសុភមង្គល។
២. បទប៉ុកពើក សម្រាប់ប្រើក្នុងពិធីលើកំណត់ស៊ីស្លាគឺឪពុកម្តាយ ឬបងប្អូនខាងប្រុសស្រីចាប់យកអង្រែទៅបុកល័ក្ត។ បទនេះចង់អប់រំថា ក្រោយពីបានពិសារម្លូរស្លាជាផ្លូវការហើយ ឪពុកម្តាយ ឬញាតិសន្តានខាងស្រី ត្រូវតែទទួលស្គាល់រសជាតិមិនធម្មតានោះ ដោយជាប់មកជាមួយនឹងអ្នកចំណូលថ្មី គឺកូនប្រសារ។ ឪពុកម្តាយក្មេកត្រូវទទួលស្គាល់ និងគ្រប់គ្រងកូនប្រសារ តាមបែបអាកប្បកិរិយាអត់ធ្មត់ និងប្រកបដោយព្រហ្មវិហារធម៌ទាំង៤ប្រការលើកូន។ រីឯកូនស្រី ត្រូវតែប្រព្រឹត្តបរិសុទ្ធ ទាំងចិត្តវាចាកាយឱ្យហ្មត់ខៃដូចនាងបុកល័ក្តទទាក់ឱ្យខៃដែរ។
៣. បទចំបក់រោយ ប្រើសម្រាប់ក្នុងកម្មវិធីហែកំណត់ ត្រង់វគ្គរៀបរាប់មុខជំនូនទាំងឡាយមាន ៣៦មុខជារបស់កូនប្រុសជូនទៅខាងកូនស្រី។ បទនេះចង់អប់រំថា កូនប្រុសត្រូវនាំមកជាមួយនឹងជំនូនរបស់ខ្លួននូវភាពស្មោះត្រង់ និងភាពបរិសុទ្ធ៣៦មុខដែលមិនត្រូវលាក់លៀមមុខណាមួយឡើយ។ ម្យ៉ាងទៀត ឪពុកម្តាយទាំងសងខាង ត្រូវមានព្រហ្មវិហារធម៌ទាំង៤ ចំពោះកូនស្រីកូនប្រុសមាននៅពេលដែលមានកំហុសតិចតួចបីដូចជា ផ្កាចំបក់បានរោយធ្លាក់ដល់ដីយ៉ាងណាក៏ដោយ ក៏ត្រូវរើសយកមកបីបាច់ថែរក្សាក្លិនផ្កាក្នុងក្តីមេត្តាបំផុត។
៤. បទកងសោយ ប្រើក្នុងពិធីសែនក្រុងពាលី សុំទឹកសុំដីរៀបមង្គលការ។ អញ្ជើញស្តេចក្រុង ពាលីមកសោយក្រយាចំណីអាហារបង្អែមចម្អាប និងឱ្យពរជ័យដល់ពិធីមង្គលការ។ បទនេះចង់អប់រំ ថា រាល់ទំនាក់ទំនងប្រកបដោយសេចក្តីគោរពលើ ឬក្រោមត្រូវតែមានពីក្នុងសង្គម មានរូបទៅនឹង សង្គមឥតរូប ដើម្បីបំណងតែមួយគឺ សុភមង្គលក្នុងជីវិត។
៥. បទសារិកាកែវ ប្រើក្នុងពិធីកាត់សក់កូនប្រុសស្រី។ ក្នុងពីធីនេះគេយកមាបង្កើត ឬបងប្រុសបង្កើតទៅកាត់ជើងសក់៣កន្រៃ្ត ឬ៩កន្រ្តៃមុនសិន ទើបប្រគល់ឱ្យទៅជាងកាត់សក់មែនទែនកាត់ បន្តទៀត។ បទនេះចង់អប់រំថា ក្នុងជីវិតម្នាក់ៗ តែងតែជួបប្រទះនឹងឧបសគ្គទុក្ខលំបាកជាច្រើន ដូច សក់ប៉ុន្តែយើងត្រូវតែចេះកាត់កោរតម្រឹម ឧបសគ្គទុក្ខលំបាកទាំងនោះចោលដោយក្រាស កន្រ្តៃ កាំបិតកោរ ប្រេងម្ស៉ៅ ដែលបានមកពីព្រះឥន្រ្ទជារបស់ទិព្វតំណាងអំណាចតេជៈបារមី ដើម្បីបានរស់ក្នុងសុខសុភមង្គល។
៧. ដំរីយោលដៃ ប្រើក្នុងពិធីកាត់ខាន់ស្លា ត្រង់វគ្គប្រាក់ស្នាប់ទឹកដោះ សម្រាប់សងគុណមាតា បិតា និងបងខាងស្រី។ សាមីខ្លួនប្រុសត្រូវលើកផ្កាស្លាទី១(ផ្កាស្លាធំ) ជូនទៅឪពុកផ្កាស្លាទី២ (ផ្កាស្លា កណ្តាល) ជូនទៅម្តាយ និងផ្កាស្លាទី៣ (ផ្កាស្លាពៅ) ជូនទៅបង។ បទនេះចង់អប់រំថា រាល់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស រវាងកូន និងឪពុកម្តាយត្រូវតែស្គាល់គុណគ្នា គោរពគុណគ្នា ដោយបរិសុទ្ធតាមឋានៈ ក្នុងសង្គមទៅវិញទៅមក ដើម្បីបានមកនូវសុខភមង្គលក្នុងសង្គម។
៨. បទផាត់ជាយ ប្រើក្នុងពិធីសុំកូនស្រីមកសំពះផ្ទឹម ត្រង់វគ្គបើកវាំងនន។ បទនេះចង់អប់រំ ថា ក្នុងដំណើរជីវិតមិនត្រូវប្រព្រឹត្តអ្វីតាមទំនើងចិត្ត ដែលប្រាសចាកពីសីលធម៌ ទំនាក់ទំនងរវាងគ្នា នឹង គ្នា ក្នុងសង្គមឡើយ។ ប្រដៅឱ្យគូស្វាមីភរិយាថ្មីនេះ ចេះគោរពគ្នាទៅវិញទៅមក ក្នុងឋានៈជាអ្នកវេញ ខ្សែជីវិតចូលគ្នា ។
៩. បទនាគព័ន្ធ ប្រើក្នុងពិធីសំពះផ្ទឹម ត្រង់បង្វិលពពិលគឺ បង្វិលពពិល៣ ជាទក្ខិណាពត៌មាន ៣ជុំ ៥ជុំ ៧ជុំ ៩ជុំ តាមរាសីកូនប្រុសកូនស្រី។ បទនេះចង់អប់រំថា ដំណើរជីវិតរៀងខ្លួន ត្រូវពាក់ព័ន្ធគ្នា ជារង្វង់មូលព័ន្ធសីមា ដោយភាពស្មោះត្រង់បរិសុទ្ធ ភក្តីរវាងគ្នានិងគ្នា ទើបមានសុភមង្គល។
បទនាគព័ន្ធមានន័យថា៖
១. នាគ (ន) ប្រសើរ, ចម្បង, បរិសុទ្ធ, ស្មោះត្រង់
២. ព័ន្ធ (កិ) ចង, ជាប់, ជំពាក់, ពាក់ព័ន្ធលើគ្នា
៣. នាគព័ន្ធ គឺចងជំពាក់ ពាក់ព័ទ្ធលើគ្នាដោយភាពបរិសុទ្ធ និង ដោយការស្មោះត្រង់។
រីឯពិធីបង្វិលពពិល ជាពិធីបរិសុទ្ធមួយសូម្បីតែអ្នកកំដរដែលជាអ្នកកាន់ពពិល ក៏ត្រូវជានារីព្រហ្មចារីនិងកំលោះបរិសុទ្ធដែរ។ ពិធីនេះជាពិធីសំខាន់ជាងគេបំផុតក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ព្រោះពពិលជានិមិត្តរូបនៃពររបស់ព្រះឥសូរ និងនាងឧមារភគវតី។
ពាក្យពពិលដែលខ្មែរយើងប្រើសព្វថ្ងែនេះគឺជាពាក្យយកចេញមកពីពាក្យពពិលពេជ្រ។ ពពិលពេជ្រនេះ ជាពរមកពីព្រះឥសូរមួយ និងរបស់នាងឧមាភវតីមួយ។
ពរទី១គឺ៖ ពពិលរាងដូចស្លឹកពោធិមាសតំណាងឱ្យយោនីរបស់នាងឧមាភវតី ជាប្រពន្ធរបស់ព្រះឥសូរដែលប្រសិទី្ធដោយខ្សាច់ពេជ្រយកពីចក្រវាឡ៍។
ពរទី២គឺ៖ ទៀនមានដែលភ្ជាប់នឹងស្លឹកពោធិមាស តំណាងឱ្យលិង្គព្រះឥសូរ ប្រសិទ្ធដោយថ្មពេជ្រយកពីឋានកៃលាស ជាប់ចង្កេះភ្នំហិមាល័យ។ ផ្សែងទៀនមានក្លិនក្រអូបដូចផ្កា មន្ទាបុស្បពីឋានសួគ៌ានាយ តំណាងឱ្យទឹកកាមរសរបស់ព្រះឥសូរ។ ក្នុងពិធីបង្វិលពពិលគេតែងតែយកដៃបក់ផ្សែង គ្រប់ៗគ្នា គឺគេបក់បញ្ចូលទឹកកាមរសរបស់ព្រះឥសូរ ឱ្យចូលក្នុងច្រមុះមាត់នៃគូស្វាមីភរិយា ដើម្បីគេទាំងពីរនាក់ពេលបានកូនមកគឺជា កូនព្រះឥសូរ។ រីឯអ្នកកំដរ ស្រករព្រហ្មចារីទាំងស្រីទាំងប្រុស ក៏ត្រូវផ្សែងចូលទៅក្នុងពោះដែរតែពួកគេ បានត្រឹមតែមានកម្លាំងខ្លាំងក្លា ដូចព្រះឥសូរប៉ុណ្ណោះ។
សព្វថ្ងៃនេះ នៅក្នុងសង្គមខ្មែរយើងទាំងមូល តែងតែនាំគ្នានិយាយថា បង្វិលពពិល គឺសំដៅបង្វិលពពិលពេជ្រនេះ។
ដូច្នេះយើងឃើញថា ការប្រើបទនាគព័ន្វនៅក្នុងពិធីបង្វិលពពិលនេះ មានលក្ខណៈសមស្របគ្នាណាស់ទាំងឈ្មោះបទភ្លេងទាំងឈ្មោះពិធីគឺ សុទ្ធតែសំដៅទៅរកជ័យជំនៈក្នុងជីវិតទាំងស្រុង។gji